UN និងជំនួយអន្តរជាតិព្រមានថាគ្រោះរញ្ជួយដីនៅភូមាអាចបង្ករ ជាភាពអត់ឃ្លាននិងផ្ទុះជំងឺឆ្លងធ្ងន់ធ្ងរ ដោយសារគ្មានសម្ភារៈគ្រឿងចក្រ កកាយរកមនុស្សឲ្យបានលឿន ខណៈតួរលេខស្លាប់កើនលើស ១៧០០នាក់ហើយ

គ្រោះរញ្ជួយដីកម្រិតដ៏ធំសម្បើមដែលបានបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ា អាចបង្ករទៅជាស្ថានភាពនៃភាពអត់ឃ្លានខ្លាំង និងផ្ទុះជំងឺឆ្លងកាន់តែធ្ងន់ធ្ងរឡើងៗក្នុងប្រទេសដែលរងនូវភាពខ្វះខាតស្បៀងអាហារ ត្រូវបំលាស់ទីលំនៅទ្រង់ទ្រាយធំ និងសង្គ្រាមស៊ីវិលភ្ជាប់ជាមួយដែរ ខណៈក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិ និងអង្គការសហប្រជាជាតិបានព្រមានបែបនេះកាលពីថ្ងៃចន្ទ។ ចំនួនមនុស្សស្លាប់ជាផ្លូវការបានកើនឡើងលើសពី១៧០០នាក់ហើយ ប៉ុន្តែតួលេខពិតប្រាកដកំពុងត្រូវបានគេប៉ាន់ប្រមាណថាអាចកើនច្រើនជាងនេះទៀត។ គ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័របានវាយប្រហារប្រទសដែលហែកហួរដោយសង្រ្គាមផ្ទៃក្នុងស្រាប់ ចាប់ពីថ្ងៃសុក្រមកដោយចំណុចរញ្ជួយកណ្តាលគឺស្ថិតនៅជិតទីក្រុង Mandalay ដែលជាទីក្រុងធំទី២របស់ប្រទេសមីយ៉ាន់ម៉ា ដោយវាបានបំផ្លាញអាកាសយានដ្ឋានក្នុងទីក្រុងផង បំផ្លាញផ្លូវថ្នល់ និងអគាររាប់រយអគារនៅតាមបណ្តោយផ្លូវធំៗជាច្រើននៅកណ្តាលប្រទេសក៏ត្រូវដួលរលំផងដែរ។ ស្ថិតក្នុងស្ថានភាពជាមួយនឹងសង្គ្រាមស៊ីវិលដែលកំពុងបន្តអូសបន្លាយចាប់តាំងពីមានរដ្ឋប្រហារមក ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ចំណាស់ស្រាប់ផង មីយ៉ាន់ម៉ាគឺជាទីកន្លែងដ៏លំបាកបំផុតមួយក្នុងពិភពលោកសម្រាប់អង្គការអន្តរជាតិផ្តល់ជំនួយដើម្បីធ្វើប្រតិបត្តិការសង្រ្គោះ ហើយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះទៀតសោតក៏ត្រូវបានរារាំងបន្ថែមទៀតដោយកំហូចផ្លូវធ្ងន់ធ្ងរពេករាប់តាំងពីផ្លូវថ្នល់ ផ្លូវស្ពាន និងមន្ទីរពេទ្យជាដើម គ្មានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ កង្វះប្រេងឥន្ធនៈ និងកង្វះបណ្តាញទំនាក់ទំនងសង្គមមិនច្បាស់លាស់ថែមទៀតផង។ លើសពីនេះអ្វីដែលជាកត្តារាំងស្ទះបន្ថែមគឺកង្វះគ្រឿងយន្តធុនធ្ងន់ដើម្បីជួយដល់ប្រតិបត្តិការស្វែងរកមនុស្ស និងជួយសង្គ្រោះយឺតយ៉ាវ មិនដូចនៅប្រទេសថៃឡើយ ដោយជំនួយគ្រឿងចក្រទាំងអស់នោះគឺពិបាកដឹកជញ្ជូនមកកាន់ប្រទេសមីយ៉ាន់ម៉ាខ្លាំងណាស់ ដែលវាគឺជាស្ថានភាពមួយត្រូវតែបង្ខំឲ្យមនុស្សជាច្រើននាក់ មិនថាជាក្រុមជួយសង្រ្គោះ ឬ ប្រជាជននោះទេ ត្រូវបន្តស្វែងរកអ្នកនៅរស់រានមានជីវិតដោយដៃផ្ទាល់កកាយកំទេចកំទីថ្មធំៗភាគច្រើនបំផុតដែរ នៅក្រោមសីតុណ្ហភាពប្រចាំថ្ងៃក្នុងរដូវប្រាំងនេះគឺលើសពី៤០អង្សាសេថែមទៀតដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់ទូរទស្សន៍រដ្ឋ MRTV ថា មនុស្សជាង ១៧០០នាក់ត្រូវបានគេរកឃើញស្លាប់ពីគំនរបាក់បែក និងមនុស្ស៣៤០០នាក់ផ្សេងទៀតបានរងរបួស និងជាង៣០០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ